James 2

1បងប្អូនរបស់ខ្ញុំអើយ! ​ត្រូវ​មានជំនឿលើ​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ប្រកប​ដោយ​សិរីរុងរឿង​ដោយ​មិន​មាន​សេចក្ដី​លំអៀងឡើយ 2ដ្បិតបើ​មាន​មនុស្សម្នាក់ចូលក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា​ទាំង​ពាក់​ចិញ្ចៀន​មាស​និង​សម្លៀកបំពាក់ភ្លឺផ្លេកហើយ​មាន​អ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ 3រួចអ្នករាល់គ្នា​ក៏​មើលទៅ​អ្នក​ដែលស្លៀកពាក់ភ្លឺផ្លេក​នោះ​ទាំងនិយាយថា​សូម​អញ្ជើញ​អង្គុយ​នៅ​កន្លែង​កិត្ដិយសនេះចុះហើយនិយាយទៅកាន់​អ្នក​ក្រថា​ចូរ​ឈរនៅទីនោះ​និយាយ​ថា​ចូរ​អង្គុយ​នៅ​ក្បែរ​កំណល់​ជើង​របស់​ខ្ញុំ​នេះ​ចុះ 4តើនោះ​មិន​បាន​សេចក្ដី​ថា​អ្នករាល់គ្នា​រាប់អាន​មនុស្ស​ដោយ​រើសមុខក្នុងចំណោមអ្នករាល់គ្នាហើយត្រលប់ជាអ្នកវិនិច្ឆ័យ​គេ​ដោយ​គំនិតអាក្រក់​របស់​ខ្លួន​ទេ​ឬ? 5ចូរស្ដាប់​ចុះ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំអើយ! ​តើ​ព្រះជាម្ចាស់មិន​បាន​ជ្រើសរើសអ្នកក្រនៅក្នុងពិភពលោក​នេះ​ឲ្យ​ធ្វើ​ជា​អ្នកមានខាងឯជំនឿនិង​ជា​អ្នកទទួល​បាន​នគរដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់អ្នកដែលស្រលាញ់ព្រះអង្គ​ទុកជា​មរតកទេ​ឬ? 6ប៉ុន្ដែអ្នករាល់គ្នា​បែរជា​ធ្វើ​ឲ្យ​អ្នកក្រអាម៉ាស់​ទៅ​វិញ​តើ​មិនមែន​ពួក​អ្នកមានទេ​ឬ​ដែល​សង្កត់សង្កិនហើយអូសអ្នករាល់គ្នាទៅតុលាការ? 7តើមិនមែន​ពួក​អ្នកមានទេ​ឬ​ដែល​ប្រមាថនាម​ដ៏​ល្អ​ដែល​គេ​ហៅអ្នករាល់គ្នាតាម​នាម​នោះ? 8បើអ្នករាល់គ្នា​ធ្វើតាមក្រឹត្យវិន័យ​ដ៏​ប្រសើរស្របតាមបទគម្ពីរ​ដែល​បាន​ចែង​ថា​ចូរ​ស្រលាញ់​អ្នក​ជិតខាង​របស់​ខ្លួន​ឲ្យ​ដូចខ្លួនឯង​នោះ​អ្នករាល់គ្នា​ប្រព្រឹត្ដ​បាន​ល្អ​ហើយ 9ប៉ុន្ដែបើ​អ្នករាល់គ្នា​មាន​សេចក្ដី​លំអៀង​នោះ​អ្នករាល់គ្នា​ប្រព្រឹត្ដបាប​ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញថា​អ្នករាល់គ្នា​ជា​អ្នក​ល្មើសក្រិត្យវិន័យ​ដែរ។ 10ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងអស់ប៉ុន្ដែ​បាន​ធ្វើខុសត្រង់​ចំណុច​ណាមួយ​នោះ​ត្រលប់ជា​មាន​ទោស​នៅចំពោះ​ក្រឹត្យវិន័យ​ទាំងអស់​ហើយ 11ដ្បិតព្រះជាម្ចាស់​ដែល​មានបន្ទូលថាកុំប្រព្រឹត្ដ​អំពើ​ផិតក្បត់​ព្រះអង្គ​ក៏​បាន​មានបន្ទូលដែរ​ថា​កុំសម្លាប់មនុស្ស។ ​ដូច្នេះ​ទោះបី​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិតក្បត់ក៏ដោយប៉ុន្ដែ​បាន​សម្លាប់មនុស្ស​នោះ​អ្នក​បាន​ត្រលប់ជាអ្នកល្មើស​នឹង​ក្រឹត្យវិន័យ​ហើយ។ 12ដូច្នេះចូរ​អ្នករាល់គ្នា​និយាយព្រមទាំងប្រព្រឹត្ដ​ឲ្យ​ស័ក្ដិសម​ជា​ពួក​អ្នក​ដែល​ក្រឹត្យវិន័យ​នៃ​សេរីភាពរៀបនឹងជំនុំជម្រះ​ចុះ 13ដ្បិតការ​ជំនុំជម្រះគ្មាន​សេចក្ដី​មេត្ដាករុណា​ទេ​ចំពោះ​អស់អ្នកដែលគ្មាន​សេចក្ដី​មេត្ដាករុណា​ប៉ុន្ដែ​សេចក្ដី​មេត្ដាករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ 14បងប្អូន​របស់​ខ្ញុំអើយ! ​បើ​មាន​អ្នកណានិយាយថា​ខ្លួន​មានជំនឿប៉ុន្ដែគ្មាន​ការ​ប្រព្រឹត្ដិតើ​មាន​ប្រយោជន៍អ្វី? ​តើ​ជំនឿ​បែបនេះ​អាចសង្គ្រោះអ្នកនោះបាន​ដែរ​ឬ​ទេ? 15បើមាន​បងប្អូន​ប្រុសស្រី​ណា​ម្នាក់​រស់នៅ​ដោយ​ខ្វះ​សម្លៀក​បំពាក់និងខ្វះអាហារ​បរិភោគ​ប្រចាំថ្ងៃ 16ហើយមាន​ម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយ​ទៅ​បងប្អូន​នោះ​ថា​សូម​អញ្ជើញ​ទៅឲ្យបាន​សេចក្ដី​សុខ​សូម​ឲ្យ​បាន​កក់ក្ដៅនិងឆ្អែត​ចុះ​ប៉ុន្ដែមិន​បាន​ឲ្យអ្វីៗ​ដែល​បងប្អូននោះត្រូវការសម្រាប់រូបកាយទេ​តើ​នោះ​មានប្រយោជន៍អ្វី? 17រីឯជំនឿក៏ដូច្នោះដែរបើគ្មាន​ការ​ប្រព្រឹត្ដិទេនោះស្លាប់​ហើយ 18ប៉ុន្ដែអ្នកខ្លះ​នឹង​និយាយថាអ្នកមានជំនឿ​រីឯ​ខ្ញុំមាន​ការ​ប្រព្រឹត្ដិ។ ​ដូច្នេះ​ចូរ​បង្ហាញខ្ញុំអំពីជំនឿ​របស់​អ្នក​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ហើយ​ខ្ញុំ​នឹង​បង្ហាញអ្នកអំពីជំនឿ​របស់​ខ្ញុំតាមរយៈ​ការ​ប្រព្រឹត្ដិ​វិញ។ 19អ្នកជឿថាមានព្រះជាម្ចាស់តែមួយ​នោះ​ត្រឹមត្រូវ​ហើយ​សូម្បីតែអារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ​ហើយ​វា​ភ័យខ្លាច​ទៀត​ផង។ 20មនុស្សឥតប្រាជ្ញាអើយ! ​តើ​អ្នក​ចង់ដឹង​ដែរ​ឬ​ទេ​ថាជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិគឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ 21តើលោក​អ័ប្រាហាំ​ដែល​ជាដូនតា​របស់​យើងមិន​ត្រូវ​បាន​រាប់​ជា​សុចរិតដោយសារ​ការ​ប្រព្រឹត្ដិ​នៅពេល​គាត់​ថ្វាយអ៊ីសាកជាកូនប្រុស​របស់​គាត់នៅលើកន្លែងថ្វាយតង្វាយទេ​ឬ? 22អ្នកឃើញថាជំនឿ​គួប​ផ្សំជាមួយ​ការ​ប្រព្រឹត្ដិ​របស់​គាត់ហើយដោយសារ​ការ​ប្រព្រឹត្ដិ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជំនឿ​គ្រប់​លក្ខណ៍ 23និងបាន​សម្រេចតាមបទគម្ពីរដែលចែងថា​លោក​អ័ប្រាហាំ​បាន​ជឿព្រះជាម្ចាស់ហើយគាត់​ត្រូវ​បាន​រាប់ជាសុចរិត​ដោយសារ​ចំនឿ​នោះ​ឯង​ព្រមទាំង​ត្រូវ​បាន​ហៅថា​ជា​សម្លាញ់​របស់​ព្រះជាម្ចាស់ 24ដូច្នេះអ្នករាល់គ្នា​ឃើញ​ហើយ​ថាមនុស្ស​ត្រូវ​បាន​រាប់​ជា​សុចរិតមិនមែនដោយសារជំនឿប៉ុណ្ណោះទេ​គឺ​ដោយសារ​ការ​ប្រព្រឹត្ដិ​ដែរ។ 25រីឯនាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យាក៏ដូច្នោះដែរ​តើ​នាង​មិន​ត្រូវ​បាន​រាប់​ជាសុចរិតដោយសារការ​ដែល​នាង​បាន​ប្រព្រឹត្តទេ​ឬ​គឺ​ក្នុង​កាល​ដែល​នាង​បាន​ទទួល​ពួក​អ្នកនាំសារហើយ​បាន​ឲ្យ​ពួកគេ​ចេញ​តាម​ផ្លូវមួយទៀត 26ដូច្នេះរូបកាយគ្មានវិញ្ញាណស្លាប់​ជា​យ៉ាងណា​នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដិក៏ស្លាប់​ជា​យ៉ាងនោះដែរ
Copyright information for KhmKCB